ភ្នំពេញ ៖ គម្រោងវិនិយោគ និងធុរកិច្ចថ្មីចំនួន ២៧ គម្រោងបន្ថែមទៀត ក្រោមទុនវិនិយោគសរុប ២៨២ លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារជាង១៨០០កន្លែង ទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរដ្ឋាភិបាល។
កិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តនូវការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងចំនួន២៧គម្រោងរួមមានៈ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ១៧, គម្រោងថ្មីចំនួន ៨, គម្រោងពង្រីក ១ និងគម្រោងមានស្រាប់ចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ ២៨២ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៨១២ កន្លែង ។ គម្រោងទាំង ២៧ នេះ មានជាអាទិ៍ គម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្ត, គម្រោងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត, គម្រោងសណ្ឋាគារ, គម្រោងរមណីយដ្ឋានទេសចរណ៍ និងគម្រោងអគារពហុមុខងារ ។

បន្ទាប់ពីការផ្តល់ការលើកទឹកចិត្តនេះ, ក្រុមការងារនឹងផ្តល់ការសម្របសម្រួល និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់វិនិយោគិន ដើម្បីជំរុញការវិនិយោគឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និងមានប្រសិទ្ធភាព ។
សូមជម្រាបជូនថា គម្រោងដែលក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានកំណើន ១១% ធៀបនឹងត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តពីសំណាក់វិស័យឯកជន។ កម្លាំងចលករសំខាន់នៅពីក្រោយលទ្ធផលនេះ គឺវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ដែលទទួលបានការលើកទឹកចិត្តពិសេស តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងទំនុកចិត្តវិនិយោគនៅក្នុងខេត្ត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ បានថ្លែងថា ៖ បច្ចុប្បន្ន កម្ពុជាកំពុងប្រឈមនឹងការផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្មសកល និងការផ្ទុះអាវុធនៅតំបន់ព្រំដែនជាមួយប្រទេសថៃ ដែលបានបំពាន ឈ្លានពាន និងរំលោភបូរណភាពទឹកដី ហើយមានផលជះមកលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងការវិនិយោគ ដែលតាមនេះ អ្វីដែលគ្រប់តួអង្គទាំងអស់ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កំពុងធ្វើ គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ដើម្បីកំណើន និងបង្កើតការងារ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ក្រុមការងារត្រូវប្រឹងប្រែងជំនះរាល់ឧបសគ្គនៅចំពោះមុខ ហើយត្រូវខិតខំប្រឹងប្រែងឱ្យខ្លាំងក្លា ជាប់លាប់ និង រួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមភារកិច្ចកិច្ចរៀងៗខ្លួន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយឈរលើឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយ “បញ្ហាប្រឈម” ទៅជា “កាលានុវត្តភាព” តាមរយៈការផ្តល់កិច្ចសហការគាំទ្រនិងការសម្របសម្រួលឱ្យអស់លទ្ធភាព ក្នុងការផ្តល់សេវាដល់វិនិយោគិន ដោយរលូន និង រហ័ស ដើម្បីឱ្យម្ចាស់គម្រោងអាចកាត់បន្ថយពេលវេលា ថ្លៃដើម និង សម្រួលនីតិវិធី ក្នុងដំណើរការអនុវត្តគម្រោង សំដៅជំរុញសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ៕






វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content