ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាថ្ងៃទី៥ ខែកញ្ញា ២០២៥ បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម សម្រាប់ធានាលើកម្ចី។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា៖ កន្លងមក ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សង្កេតឃើញថា៖ មាននីតិបុគ្គល ឬរូបវន្តបុគ្គលមួយចំនួនបានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ដែលធ្វើឡើងដោយគ្មានការអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច ក្រោមរូបភាពផ្សេងៗដូចជា៖ លុយរាប់ ការបញ្ចាំ ការផ្តល់ប្រាក់កម្ចី ដោយផ្ទាល់ និងតាមអនឡាញ ជាដើម។ ក្នុងនោះបុគ្គលមួយចំនួនថែមទាំងធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ រៀបចំខសន្យាមិនសុចរិត និងកេងចំណេញហួសហេតុ ព្រមទាំងរក្សាទុកឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់ធានាកម្ចីទៀតផង។

សេចក្តីថ្លែងការណ៍៣ស្ថាប័ននេះ បានបញ្ជាក់ថា៖ សកម្មភាពទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជាដែលអាចត្រូវផ្តន្ទាទោសនិងដាក់ពិន័យតាមច្បាប់ជាធរមាន។
យោងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មាត្រា២ បានចែងថា៖ ការផ្តល់ឥណទានគ្រប់ប្រភេទ ចំពោះសាធារណជន ដោយមានកម្រៃរាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា ត្រូវបានចាត់ទុកថាបានធ្វើអាជីវកម្មធនាគារ។ រាល់ការប្រកបអាជីវកម្មធនាគារនិងហិរញ្ញវត្ថុ ត្រូវស្នើសុំ និងទទួលបាន អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាដែលជាអាជ្ញាធរអាណាព្យាបាល មុននឹងអាចផ្តល់សេវាកម្ម ជូនសាធារណជនបាន។
ផ្អែកតាមមាត្រា៥៥ បានកំណត់បញ្ជាក់ថា ៖ បុគ្គលណាជាឯកត្តជនក្តី ឬក្នុងនាមជាអង្គភាពក្តី ដែលយកប្រតិបត្តិការធនាគារជាវិជ្ជាជីវៈជាប្រក្រតី និងសម្រាប់សាធារណជនដោយគ្មានការអនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ(១ឆ្នាំ)ដល់ប្រាំឆ្នាំ(៥ឆ្នាំ)និងពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛) ដល់ ពីររយហាសិបលានរៀល (២៥០.០០០.០០០៛) ឬ ទណ្ឌកម្មតែមួយក្នុងចំណោមទណ្ឌកម្មទាំងពីរ ដោយមិនទាន់ គិតដល់ការបិទគ្រឹះស្ថានផង»។
ទន្ទឹមនេះ ការធ្វើអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន ត្រូវស្នើសុំនិងទទួលបានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ យោងតាម ប្រការ៣៣ នៃប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រាតិភោគ ដោយអនុប្បទាន – ការធ្វើអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណ ឬ ការប្រើប្រាស់អាជ្ញាបណ្ណផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែ ឡើងទៅ ត្រូវរងទទួលការផាកពិន័យពី ន.អ.ប. ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវបញ្ឈប់សកម្មភាព អាជីវកម្មជាបន្ទាន់។ ការធ្វើអាជីវកម្មបញ្ចាំ ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានលិខិតអនុញ្ញាត អាជីវកម្ម ឬការប្រើប្រាស់លិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែ ឡើងទៅ ត្រូវទទួលរង ការផាកពិន័យពីមន្ទីរ ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវបញ្ឈប់ សកម្មភាពអាជីវកម្មជាបន្ទាន់។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង»។

ដោយឡែក ការទទួលយក អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ ប័ណ្ណសមាជិក ប.ស.ស ដើម្បីដាក់ធានាកម្ចី គឺពុំស្របតាមស្មារតីក្រមរដ្ឋប្បវេណី ព្រោះថាឯកសារទាំងនេះ ពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ សកម្មភាពពាណិជ្ជកម្មហើយក៏ពុំអាចយកមកដាក់ធានាកម្ចីបានឡើយ។ យោងតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាត្រា១២៩ «អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការ មួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ជាតិខ្មែរ ដោយមិនអនុញ្ញាតឱ្យធ្វើការផ្ទេរពី បុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សបានឡើយ»។
ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សូមក្រើនរំលឹកជាថ្មី ម្តងទៀតដល់នីតិបុគ្គល ឬរូបវន្តបុគ្គលឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដូចដែលបានរៀបរាប់ខាងលើ។ ក្នុងករណីនៅតែបន្តសកម្មភាពល្មើសនឹងបម្រាមខាងលើនេះ នីតិបុគ្គល ឬរូបវន្តបុគ្គលនោះ នឹងត្រូវទទួលរង ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕






វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content