ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤នេះ ត្រូវបានរាជរដ្ឋាភិបាលព្យាករថានឹងមានកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយក្នុងនោះវិស័យសំខាន់ៗចំនួន៣នឹងគាំទ្រដល់ការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ច ដែលរួមចំណែកដោយវិស័យអចលនទ្រព្យផងដែរ។
យោងតាមការព្យាកររបស់រាជរដ្ឋាភិបាល វិស័យសំខាន់ៗចំនួន៣ដែលរួមគ្នាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលក្នុងនោះវិស័យឧស្សាហកម្មមានរួមបញ្ចូលដោយអនុវិស័យជាច្រើន ដូចជា អនុវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យសំណង់ ។

អនុវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ក្នុងឆ្នាំ២០២៤នេះ រំពឹងថានឹងមានសម្ទុះឡើងវិញ ដោយសារតែការងើបវិញនៃតម្រូវការសកល ជាពិសេស បណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម ។ ដោយឡែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ក៏រំពឹងថានឹងបន្តរក្សាបានភាពល្អដែលជាផ្នែកមួយដ៏ល្អបន្តរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អនៃផលិតកម្មបម្រើឱ្យការនាំចេញ ។ ចំពោះផ្នែកសំណង់ និងអចលនទ្រព្យ រាជរដ្ឋាភិបាលរំពឹងថានឹងបន្តមានកំណើនទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងទុកលើការងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស ជាពិសេសសម្រាប់សំណង់ដែលមានទំហំទុនវិនិយោគខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថានៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។

វិស័យដែលសំខាន់ទី២ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៤នេះ គឺវិស័យសេវាកម្ម ដែលរំពឹងថានឹងមានកំណើន ៦,៩ភាគរយ ដោយសារតែការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានដែលនឹងមានផលវិជ្ជមានផងដែរ ។ ការងើបឡើងនៃវិស័យនេះនឹងជួយវិស័យដឹកជញ្ជូនមានភាពល្អប្រសើរ ប៉ុន្តែសម្រាប់សេវាកម្មផ្នែកអចលនទ្រព្យក៏នៅតែរំពឹងថាមានកំណើនក្នុងល្បឿនទាបដូចនឹងឆ្នាំមុនដែរ ដោយសារតែរំហូរទុនវិនិយោគពីបរទេស និងសកម្មភាពទិញ លក់អចលនទ្រព្យនៅក្នុងកម្រិតទាបផងដែរ ។
វិស័យសំខាន់ទី៣ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា គឺវិស័យកសិកម្ម ដែលវិស័យនេះនឹងមាកំណើនក្នុងរង្វង់១,១ភាគរយ ខណៈឆ្នាំ២០២៣កន្លងទៅមានកំណើន ០,៩ភាគរយ ។ ការរីកចម្រើននៃវិស័យនេះ បានទាក់ទាញឱ្យមានការវិនិយោគលើកសិកម្មជាច្រើនពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិនបរទេស ដែលអាចជួយឱ្យតម្រូវការដីធ្លីសម្រាប់វិស័យកសិកម្មកាន់តែមានកំណើន ក្នុងនោះដែរ ដីធ្លីដែលវិនិយោគិនបានបម្រុងទុកអភិវឌ្ឍន៍ទៅលើផ្នែកផ្សេងៗ ក៏ត្រូវបានប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ដើម្បីរកចំណូលបន្ថែម ឬរកចំណូលក្នុងពេលដែលវិស័យផ្សេងទៀតនៅបន្តរក្សាភាពស្ងប់ស្ងាត់ ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content