បរទេស៖ យោងតាមប្រភពពី CNN បានផ្សព្វផ្សាយអំពីកម្ពុជាបើកដំណើរអាកាសយានដ្ឋានថ្មីនៅក្នុងខេត្តសៀមរាប ដែលត្រូវបានបើកដំណើរការទទួលការហោះហើរលើកដំបូងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
អាកាសយានដ្ឋានថ្មីនេះមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងក្លាយជាច្រកទ្វារដ៏សំខាន់ទៅកាន់កន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកម្ពុជា គឺតំបន់រមណីយដ្ឋានអង្គរដែលចុះបញ្ជីដោយអង្គការយូណេស្កូ។ ដោយឡែក នៅព្រឹកថ្ងៃច័ន្ទ ក្នុងសប្ដាហ៍នេះ ជើងហោះហើររបស់ក្រុមហ៊ុន Bangkok Airways របស់ប្រទេសថៃ គឺជាយន្តហោះដំបូងគេដែលបានចុះចតនៅអាកាសយានដ្ឋានថ្មីមួយនេះ។

លេខកូដជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ដែលកំណត់ដោយសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងជំនួសលេខកូដអាកាសយានដ្ឋានចាស់ REP ដែលត្រូវបានបើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ និងមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីបរិវេណអង្គរប៉ុណ្ណោះ។ គួរឲ្យបញ្ជាក់ដែរថា អាកាសយានដ្ឋានថ្មីនេះត្រូវបានផ្តល់មូលនិធិដោយចិន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងក្រោមទុនវិនិយោគ ១ ១០០ លានដុល្លារ។ លើសពីនេះ វាត្រូវបានរចនាឡើងដើម្បីទទួលអ្នកដំណើរ ២ លាននាក់ក្នុងមួយឆ្នាំ ដែលច្រើនជាងអាកាសយានដ្ឋានចាស់ REP ។
យោងតាមការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិននៅកម្ពុជា បានលើកឡើងថា វាជាអាកាសយានដ្ឋានអន្តរជាតិក្រៅប្រទេសដំបូងគេដែលត្រូវបានសាងសង់ក្រោមគំរូ “សាងសង់-ប្រតិបត្តិការ-ការផ្ទេរ” (Build-Operate-Transfer) ដោយសហគ្រាសចិន។ វាត្រូវបានសាងសង់ជាប្រភេទអាកាសយានដ្ឋានខ្នាត 4E ដែលអាចផ្ទុកយន្តហោះពាណិជ្ជកម្មធំៗ រួមទាំងយន្តហោះដែលហោះហើរលើផ្លូវធ្វើដំណើរឆ្ងាយទូទាំងពិភពលោកផងដែរ។


ការសាងសង់អាកាសយានដ្ឋាន SAI បានចាប់ផ្តើមក្នុងឆ្នាំ ២០២០ ដោយការរចនាត្រូវបានបំផុសគំនិតស្ថាបត្យកម្មបែបប្រពៃណីខ្មែរ។ បើទោះបីជា គេហទំព័រផ្លូវការរបស់អាកាសយានដ្ឋានផ្តល់ព័ត៌មានតិចតួចបំផុតអំពីសេវាកម្ម ហាង និងភោជនីយដ្ឋាននៅក្នុងកន្លែងថ្មីនេះក៏ដោយ ប៉ុន្តែគេផ្តល់នូវកាលវិភាគពេញលេញនៃជើងហោះហើរចេញដំណើរ និងការមកដល់។

យោងតាមទិន្នន័យថ្មីៗពីក្រសួងទេសចរណ៍របស់កម្ពុជាបង្ហាញថា កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣,៥ លាននាក់ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៣។ តួរលេខនេះកើនឡើង ២៥០,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែធ្លាក់ចុះ ១៩,៧ ភាគរយធៀបនឹងឆ្នាំ ២០១៩ មុនពេលមានការរាតត្បាតកូវីដ-១៩។ នៅខែមីនា ឆ្នាំ ២០២២ កម្ពុជាបានបន្ធូរបន្ថយការរឹតបន្តឹងការចូលក្នុងប្រទេស និង បើកទទួលភ្ញៀវទេសចចរណ៍ឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាកំពុងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណពី ៤,៥ ទៅ ៥ លាននាក់នៅចុងឆ្នាំនេះ។
យោងតាមអង្គការយូណេស្កូ បានបង្ហាញថា ភ្ញៀវទេសចរទាំងនោះធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទទួលយកបទពិសោធន៍ពីការទស្សនាប្រាសាទអង្គរ ដែលជាទីតាំងប្រវត្តិសាស្ត្របុរាណដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់អង្គរលាតសន្ធឹងលើផ្ទៃដីជាង ៤០០ គីឡូម៉ែត្រក្រឡា ដែលសម្បូរទៅដោយប្រាសាទ និង ស្ថាបត្យកម្មដែលបន្សល់ពីសម័យអាណាចក្រខ្មែរចាប់ពីសតវត្សរ៍ទី ៩ ដល់ សតវត្សរ៍ទី១៥ ។ ក្នុងចំណោមកន្លែងបុរាណទាំងនោះ ប្រាសាទអង្គរវត្ត អង្គរធំ និងបាយ័ន ទទួលបានចំនួនភ្ញៀវទេសចរច្រើនជាងគេបំផុត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content